នៅក្នុងជំនាន់ខ្មែរក្រហមបាវត្រូវបានធ្វើជាអង្រឹងសម្រាប់កូនដេក

អ៊ុយ ហៀម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ អ៊ុយ ហៀម មានអាយុ៧៣ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់ពីទុក្ខលំបាក និង រឿងរ៉ាវចងចាំមិនភ្លេចនៅសម័យកម្ពុជាប្រជាធិបតេយ្យដល់អ្នកជំនាន់ក្រោយបានដឹង។ ហៀម មានបងប្អូនចំនួន៥នាក់ ប្រុស៣ និងស្រី២។ ហៀម បានរៀបអាពាហ៍ពិពាហ៍តាំងពីសម័យសង្គមរាស្ដ្រនិយម។ ក្រោយមកជាអកុសល ហៀម បានបាត់បង់ស្វាមីនៅក្រោមរបបខ្មែរក្រហម ដែលត្រូវបានខ្មែរក្រហមចាប់យកទៅសាកសួរ និងបាត់ដំណឹងសូន្យឈឹង។

រីឯជីវិតប្រចាំថ្ងៃនៅសម័យនោះ គាត់ក៏ដូចប្រជាពលរដ្ឋដទៃទៀត ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើការងារធ្ងន់ ដែលប្រើប្រាស់កម្លាំងពលកម្មក្រោមកម្ដៅថ្ងៃក្តៅជាច្រើនម៉ោង។ គាត់បានដកស្ទូងពីស្រែមួយទៅស្រែមួយ លីសែងពីកន្លែងមួយទៅកន្លែងមួយទៀត។ នៅរដូវប្រាំងគាត់ត្រូវជីកប្រឡាយ និង ត្រូវដាំដុះនៅរដូវវស្សា។ ប្រសិនបើមានការឈឺស្កាត់ គឺខ្មែរក្រហមបានបដិសេធមិនឲ្យឈប់សម្រាក ហើយថែមទាំងគ្មានពេទ្យសម្រាប់ព្យាបាលជំងឺទៀតផង។ ការដាំដំណាំ និង ចិញ្ចឹមសត្វជុំវិញផ្ទះត្រូវដាក់ជាសមូហភាព ដោយមិនអនុញ្ញាតឲ្យមានការហូបជាឯកជននោះទេ។ ដោយឡែកព្រះសង្ឃ ត្រូវបានចាប់សឹក ឬលាចាកសិក្ខាបទ មកជាគ្រហស្ថ និងធ្វើពលកម្មដូចប្រជាជនដទៃទៀត។

អ្វីដែលគួរឲ្យសង្រេងនោះ គឺកូនរបស់គាត់ត្រូវបានបាត់បង់ឪពុក និងគ្មានកំណាត់ មានតែបាវចាស់មួយសម្រាប់ធ្វើជាអង្រឹងសម្រាប់កូន។ អ៊ុយ ហៀម មានជំងឺប្រចាំ និងងងឹតភ្នែកនៅពេលបច្ចុប្បន្ន៕

សម្ភាសន៍ដោយ អ៊ុន រក្សា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin