ខ្មែរក្រហមហៅឪពុកទៅដឹកអំបិល

សាន រិទ្ធី រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ សាន រិទ្ធី ភេទប្រុស កើតនៅឆ្នាំ១៩៦៩។ រិទ្ធី មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ រិទ្ធី មានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ គាត់ មានកូនប្រុសបីនាក់។

រិទ្ធី និយាយថា បើតាមរយៈអ្វីដែល​ឪពុកម្ដាយរបស់គាត់ប្រាប់ ភូមិអូរស្វាយត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារព្រំដែនពីការឈ្លានពាន។ ប្រជាជនជាច្រើនគ្រួសារ មកពីភូមិភាគខាងត្បូង បានមកធ្វើស្រែចម្ការ និងនេសាទនៅភូមិអូរស្វាយ។ ចំណែក ឪពុករបស់រិទ្ធី គឺជាប៉ូសិលនៅក្នុងភូមិ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន រួមទាំងគ្រួសាររបស់រិទ្ធី ចេញពីភូមិទៅកាន់ភូមិញើន ស្រុកសៀមប៉ាង។ នៅពេលនោះ រិទ្ធី ចូលធ្វើការក្នុងកងកុមារ ដោយខ្មែរក្រហមបញ្ជាឲ្យគាត់ទៅកាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី។ រិទ្ធី និយាយថា គាត់ត្រូវរស់នៅយ៉ាងលំបាកក្នុងរបបខ្មែរក្រហម ដោយសារហូបចុកមិនគ្រប់គ្រាន់។ ឪពុករបស់រិទ្ធី តែងតែផ្ដែផ្ដាំឲ្យរិទ្ធី ផឹកទឹកឲ្យច្រើននៅពេលឃ្លាន ជាជាងទៅលួចដំឡូង ដែលដាំមុខផ្ទះហូប។ រិទ្ធី បន្តថា កុមារ១៧មេសា ឬកូនអ្នកជម្លៀសមកពីទីក្រុងណា ដែលលួចដំឡូង នឹងត្រូវខ្មែរក្រហមយកទៅកសាង ឬត្រូវសម្លាប់ចោល ប្រសិនបើអ្នកទាំងនោះធ្លាប់ត្រូវបានខ្មែរក្រហមកសាងពីមុនមក។

នៅឆ្នាំ១៩៧៨ រិទ្ធី និងឪពុកម្ដាយ ត្រូវបានជម្លៀសទៅភូមិឡប៉ ស្រុកសៀមប៉ាង។ នៅទីនោះ ឪពុករបស់រិទ្ធី ត្រូវបានខ្មែរក្រហមហៅទៅដឹកអំបិល ហើយមិនដែលឃើញត្រលប់មកវិញនោះទេ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រិទ្ធី និងម្ដាយ បានត្រលប់មកភូមិកោះព្នៅវិញ ដើម្បីកសាងជីវិតសាជាថ្មី។ រិទ្ធី និយាយថា គាត់នៅតែមិនអាចបំភ្លេចបានពីការបាត់ខ្លួនរបស់ឪពុក៕

សម្ភាសដោយ យ៉ោន ចំរើន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin