ខាងលិចវត្តព្រៃត្រសក់

សា ជ្រន រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ សា ជ្រន ភេទស្រី មានអាយុ ៦៦ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ជ្រន មានឪពុកឈ្មោះ ហ៊ាន, ម្ដាយឈ្មោះ ហៀ ម៉ល និងមានបងប្អូនប្រាំបួននាក់។

ក្នុងវ័យកុមារភាព ជ្រន បានរៀនត្រឹមថ្នាក់កុមារដ្ឋាន នៅសាលាវត្តព្រៃត្រសក់។ ក្រោយមក គាត់ឈប់រៀន និងឃ្វាលគោក្របី។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ផ្ទះគាត់ត្រូវទទួលរងការខូចខាត ដោយសារការទម្លាក់គ្រាប់បែក។ គាត់និយាយថា សម្ភារមួយចំនួននៅផ្ទះត្រូវបាត់បង់ ដោយសារវត្តមាននៃកងទ័ពធីវគី និងកងទ័ពវៀតកុង។

នៅឆ្នាំ១៩៧៥ ជ្រន ដែលខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ ត្រូវរែកជីលាមកគោ, លើកភ្លឺស្រែ និងជីកប្រឡាយនៅសមរភូមិស (ភូមិឫស្សីជុំ) ដោយមានសមាជិកក្រុមប្រាំបីនាក់។​ ជ្រន ត្រូវធ្វើការពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ព្រឹក និងបន្តធ្វើការពីម៉ោង១ថ្ងៃដល់យប់អធ្រាត្រ។ ក្រោយមក ជ្រន បានរៀបការជាមួយប្តីឈ្មោះ សំ ភន ដែលជាកងឈ្លប នៅផ្ទះតាវ៉ាង (កម្មាភិបាលខ្មែរក្រហម)។ គាត់ និយាយថា នៅពេលរៀបការ គឺមានតែមួយគូប៉ុណ្ណោះ និងមានការប្តេជ្ញាចិត្តនៅចំពោះមុខអង្គការ។

បន្ទាប់មក ជ្រន ទៅធ្វើការនៅភូមិព្រៃលើ ចំណែក ប្តីរបស់គាត់ទៅធ្វើការនៅកន្លែងផ្សេង។ នៅទីនោះ គាត់ថាមានសាច់, បន្លែ និងបាយសម្រាប់ហូប។  នៅពេលគាត់របួសជើង គាត់ត្រូវបញ្ជូនទៅចាក់ថ្នាំព្យាបាលនៅពេទ្យសាលាកាលេស។

នៅរបបខ្មែរក្រហម ជ្រន បានបាត់បង់បងប្រុសម្នាក់ឈ្មោះ ម៉ៅ ដោយសារមានប្រជាជនរាយការណ៍ប្រាប់ខ្មែរក្រហមថាបងប្រុសគាត់ជាអតីតទាហាន លន់ នល់។ ខ្មែរក្រហមបានយកបងប្រុសគាត់ និងប្រជាជនទៅរៀនសូត្រនៅខាងលិចវត្តព្រៃត្រសក់។

បន្ទាប់ពីរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ ជ្រន និងប្តីបន្តរស់នៅស្រុកបន្ទាយមាស និងមានកូនប្រាំនាក់៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin