កូនប្រុស២នាក់ ស្លាប់ក្នុងរបបខ្មែរក្រហម

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម កូនប្រុសរបស់គាត់ចំនួន២នាក់ បាត់បង់ជីវិតដោយសារលង់ទឹកម្នាក់ និងម្នាក់ទៀតឈឺគ្មានថ្នាំព្យាបាល។ លីង សំ មានអាយុ៧៧ឆ្នាំ និងរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ របបខ្មែរក្រហម បានបន្សល់ទុកនូវជំងឺប្រចាំកាយជាប់មកជានិច្ចនោះគឺឈឺសន្លាក់ និងជំងឺលើសសម្ពាធឈាមដែលគាត់ឈឺប្រមាណជារយៈពេល១០ឆ្នាំក្រោយមកនេះ។
នៅឆ្នាំ១៩៧៣ សំ រស់នៅតំបន់ព្រែកឯង។ នៅតំបន់នោះមានការទម្លាក់គ្រាប់បែក សំ និងគ្រួសារបានរត់ភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ទៅតំបន់មានសុវត្ថិភាពនៅតំបន់ជ្រោយអំពិល។ ការទម្លាក់គ្រាប់បែកនៅពេលនោះ គឺមានជាប់ជានិច្ចឥតស្រាកស្រាន្ត ប្រជាជនត្រូវរត់ភៀសខ្លួនស្ទើរតែរាល់ថ្ងៃ។ ប្រជាជនមួយចំនួនរត់ទៅតំបន់ឆ្ងាយ ចំណែកប្រជាជនមួយចំនួនទៀតរត់ទៅទីក្រុងភ្នំពេញ ហើយភាគច្រើនគឺរត់ទៅនៅតំបន់ច្បារអំពៅ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រជាជនទាំងអស់ដែលមានទីលំនៅក្នុងទីក្រុងភ្នំពេញ ត្រូវជម្លៀសចេញទៅកាន់ទីជនបទ។ សំ និងគ្រួសារត្រូវបានខ្មែរក្រហម ជម្លៀសឱ្យមករស់នៅ និងធ្វើការងារនៅភូមិកោះក្របី។ សំ បានធ្វើការងារ និងតាំងទីលំនៅក្នុងភូមិនោះរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ខ្មែរក្រហម បានចាត់តាំងឱ្យគាត់ស្ទូងស្រូវ, ច្រូតស្រូវ, កាប់ភ្លឺស្រែ និងកិនស្រូវ។ របបអាហារដែលអង្គការផ្ដល់ឱ្យ គឺបាយលាយជាមួយនឹងពោត, ដំឡូង និងចេក។ របបបាយដែលប្រជាជនទទួលបានគឺមិនបានយូរនោះទេ យ៉ាងច្រើនគឺត្រឹមតែមួយសប្ដាហ៍ ក្រោយពីនោះគឺមានតែបបររាវប៉ុណ្ណោះ។
នៅក្នុងរបបខ្មែរក្រហម សំ ខិតខំធ្វើការងាររហូតដល់គាត់សន្លប់នៅកន្លែងធ្វើការងារ។ ប្រធានក្រុមរបស់គាត់ បានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។ ថ្នាំព្យាបាលនៅមន្ទីរពេទ្យនៅពេលនោះមានតែថ្នាំដែលផលិតនៅក្នុងស្រុក ដែលប្រជាជននិយមហៅថ្នាំអាចម៍ទន្សាយ ព្រោះមានសភាពដូចជាអាចម៍ទន្សាយមានពណ៌ខ្មៅ និងរូបរាងមូល ចំណែកថ្នាំសេរ៉ូមគឺ ប្រើទឹកដូងជំនួស។
នៅក្នុងរបបខ្មែរក្រហម សមាជិកគ្រួសារមិនបានរស់នៅជុំគ្នានោះទេ ត្រូវរស់នៅសហករណ៍ដាច់ដោយឡែកពីគ្នា ដោយសារមានតួនាទីធ្វើការងាររៀងៗខ្លួន។ ប្ដីរបស់គាត់ត្រូវអង្គការចាត់តាំងឱ្យទៅភ្ជួរស្រែនៅតំបន់ឆ្ងាយ រយៈពេលមួយខែទើបអាចមកលេងប្រពន្ធ និងកូនម្ដង។
ប្រជាជនជាច្រើនដែលគ្មានកំហុស ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ ដោយប្រើហេតុផលផ្សេងៗដូចជា យកទៅរៀនសូត្រ, ផ្លាស់ទីលំនៅថ្មី និងទៅធ្វើការងារនៅកន្លែងថ្មី។ នៅពេលដែលខ្មែរក្រហមចាប់ទៅដំបូងគ្មាននរណាម្នាក់ដឹង និងចាប់អារម្មណ៍នោះទេ ប៉ុន្តែកន្លងមកច្រើនថ្ងៃ ច្រើនខែមិនឃើញត្រឡប់ទៅសហករណ៍វិញ ទើបម្នាក់ៗមានការសង្ស័យ។
ក្រោយពីរបបខ្មែរក្រហមដួលរលំ ប្ដីរបស់ សំ បានត្រឡប់មករស់នៅជុំប្រពន្ធកូនវិញ ហើយគ្រួសាររបស់គាត់មិនបានផ្លាស់ប្ដូរទីលំនៅនោះទេ គាត់បានរស់នៅភូមិកោះក្របីចាប់តាំងពីពេលនោះមកទល់ពេលបច្ចុប្បន្ននេះ៕
សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

