កិច្ចសន្យាចេញពីគ្រួសារ

(ភ្នំពេញ)៖ នៅឆ្នាំ១៩៧៧ ឈ្លបខ្មែរក្រហមបានឲ្យ គឹមហេង ធ្វើកិច្ចសន្យាចាកចេញពីគ្រួសារ ដោយសារតែគាត់លួចកាប់អំពៅហូប។ កង គឹមហេង អាយុ៦០ឆ្នាំ មានដើមកំណើតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ គឹមហេង កើតមានជំងឺលើសសម្ពាធឈាម, លើសជាតិខ្លាញ់, ជំងឺក្រពះពោះវៀន និងជំងឺបេះដូងដែលធ្វើទុកយូរៗម្ដង។

 

នៅពេលដែលកើតមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ប្រទេសជាតិចាប់ផ្ដើមមានភាពចលាចល និងអសន្តិសុខ។ គ្រួសាររបស់ គឹមហេង ត្រូវជម្លៀសទៅទីក្រុងភ្នំពេញ រស់នៅជាមួយសាច់ញាតិ នៅជិតមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែក្រោយមកដោយសារមានប្រជាជនមកស្នើសុំជ្រកកោនកាន់តែច្រើនឡើងៗ ទើបគ្រួសាររបស់គាត់ផ្លាស់ប្ដូរទៅរស់នៅច្បារអំពៅ។ កន្លងមករយៈពេលបីឆ្នាំ សភាពការណ៍ស្ងប់ស្ងាត់ សមាជិកគ្រួសាររបស់ គឹមហេង បានត្រឡប់ទៅស្រុកកំណើតវិញ ចំណែក​ គឹមហេង និងបងស្រី នៅរស់នៅទីក្រុងភ្នំពេញបន្ត។

 

នៅឆ្នាំ១៩៧៥ ខ្មែរក្រហម ចូលកាន់កាប់ភ្នំពេញ ហើយចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជន។ គឹមហេង និងបងស្រី បានភៀសខ្លួនទៅក្រុងតាខ្មៅ ប៉ុន្តែគាត់រស់នៅទីនោះមិនបានសេចក្ដីសុខនោះទេ។ បងស្រីរបស់ គឹមហេង មានបំណងវិលត្រឡប់ចូលទីក្រុងភ្នំពេញវិញ ដើម្បីយកអង្ករតែត្រូវបានយោធាខ្មែរក្រហមហាមឃាត់ ព្រមទាំងបញ្ជាឱ្យប្រញាប់ចាកចេញ។ គឹមហេង ត្រូវជម្លៀសទៅ ស្រុកកោះធំ ខេត្តកណ្ដាល។ ការរស់នៅទីនោះ គឺមិនមានអាហារបរិភោគគ្រប់គ្រាន់នោះទេ អង្ករដែលអង្គការចែកឱ្យគឺមានចំនួនតិច។

 

បន្ទាប់មក គ្រួសាររបស់គឹមហេង ត្រូវអង្គការជម្លៀសបន្តទៅខេត្តព្រះវិហារ។ របបអាហារនៅទីនោះមិនខុសគ្នាប៉ុន្មានពីខេត្តកណ្ដាលទេ។ ដោយសារតែភាពអត់ឃ្លាន មានប្រជាជនម្នាក់ធ្វើការងារនៅក្នុងកងរែងអង្ករ ហើយគាត់បានលួចកម្ទេចអង្ករទុកហូប ប៉ុន្តែត្រូវអង្គការចាប់បាន។ អង្គការបានចាប់គាត់ចងជាប់ជាមួយបង្គោលនៅកណ្ដាលវាល ហើយបញ្ជាឱ្យគាត់ស្រែកថា៖ “បងប្អូន កុំយកតម្រាប់តាមខ្ញុំ ដោយសារខ្ញុំឃ្លានខ្លាំង ខ្ញុំក៏សុខចិត្តហ៊ានក្បត់នឹងអង្គការ”។ បន្ទាប់ពីស្រែកចប់ អង្គការចាប់យកទៅសម្លាប់ចោលភ្លាម។

 

នៅខេត្តព្រះវិហារ អង្គការបានចាត់តាំងឱ្យ គឹមហេង កាប់ទន្រ្ទានខេត្ត, ប្រមូលអាចម៍គោសម្រាប់ទុកធ្វើជី និងការងារមួយចំនួនទៀត។ នៅអំឡុងពេលនោះគាត់ធ្លាប់បានលួចកាប់អំពៅហូប ស្រាប់តែភ្លាមៗនោះឈ្លបរបស់ខ្មែរក្រហមមកទាន់ ហើយបាននិយាយថា៖ “មិត្តឯង! កម្មសិទិ្ធសួនតួ ម៉េចបានកាប់អំពៅហ្នឹងស៊ីអញ្ចឹង?” បន្ទាប់ពីសួរនាំរួច ម៉ោងប្រាំពីរយប់ ឈ្លបចំនួនពីរនាក់បាននាំ គឹមហេង ទៅប្រជុំ។ ក្នុងពេលនោះ គឹមហេង មិននឹកស្មានថាគាត់អាចនៅមានជីវិតរស់នៅទៀតនោះទេ ព្រោះតែគាត់ធ្លាប់បានឮចាស់ៗនិយាយតគ្នាថា នរណាម្នាក់ដែលសាងកំហុស ហើយឈ្លបនាំខ្លួនទៅគឺតែងតែបាត់ខ្លួនជារៀងរហូត។ គឹមហេង មិនត្រូវសម្លាប់នោះទេ គឺគ្រាន់តែឈ្លប តម្រូវឱ្យគាត់ធ្វើកិច្ចសន្យា និងបញ្ជូនឱ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា និងឱ្យធ្វើការងារធ្ងន់ៗ។

 

នៅឆ្នាំ១៩៧៩ គឹមហេង បានឮសំឡេងកាំភ្លើង ហើយពេលនោះមានយោធារបស់ខ្មែរក្រហមមកប្រាប់ដំណឹងទៅប្រជាជននៅក្នុងសហករណ៍ទាំងអស់រៀបចំសម្ភាររត់ចេញ ព្រោះកងទ័ពវៀតណាមបានវាយចូលមក។ យោធារបស់ខ្មែរក្រហម ទាំងនោះបានកុហកប្រជាជនថា វៀតណាមចូលមកដើម្បីសម្លាប់ ហើយបានប្រាប់ឱ្យប្រជាជនឡើងទៅលើភ្នំដងរែងជាមួយខ្លួន ។ ប្រជាជនមួយចំនួនបានទៅជាមួយនឹងខ្មែរក្រហម ចំណែក គឹមហេង និងគ្រួសារបានត្រឡប់ទៅស្រុកកំណើតវិញ៕

សម្ភាសន៍ដោយ៖ ជុន​ សុមុនីនាថ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin