ឈ្លបខ្មែរក្រហមបំពានលើនារី

(ភ្នំពេញ)៖ នៅក្នុងរបបខ្មែរក្រហម ឈ្លបខ្មែរក្រហម បានបំពានរាងកាយលើមិត្តនារីដែលរស់នៅក្នុងកងជាមួយ វណ្ណនី។ តាមការបញ្ជាក់របស់គាត់ មានយប់មួយឈ្លបប្រមាណជាគ្នា៣នាក់ បានលួចចូលក្នុងកងរបស់គាត់ និងបានបំពានលើយុវនារី។ នៅពេលនោះគឺមិនអាចមើលស្គាល់ថាជានរណាឡើយ ព្រោះមិនមានភ្លើងសម្រាប់បំភ្លឺ។ ក្រោយពីសាមីខ្លួន ដឹងថាមានអ្នកបំពាន ក៏ចាប់ផ្ដើមស្រែកឆោឡោ ហើយឈ្លបទាំងនោះបានរត់គេចខ្លួន។
ឈុំ វណ្ណនី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ននៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ វណ្ណនី មានបញ្ហាសន្លាក់ ហើយជំងឺនោះគឺចាប់តាំងពីរបបខ្មែរក្រហម ព្រោះតែនៅអំឡុងពេលនោះគាត់រែកដីច្រើន។ ក្រៅពីបញ្ហាសន្លាក់ គាត់មានជំងឺលើសសម្ពាធឈាម និងធ្លាប់ជាអ្នកជំងឺផ្លូវចិត្ត។
នៅវ័យកុមារ វណ្ណនី រៀនបានត្រឹមថ្នាក់ទី៧ ដោយសារតែនៅអំឡុងពេលនោះមានការទម្លាក់គ្រាប់បែក សាលារៀននៅតំបន់របស់គាត់ត្រូវបិទទ្វារ។ នៅពេលដែលមានការទម្លាក់គ្រាប់បែកនោះ បណ្ដាលឱ្យមានផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនអស់ជាច្រើន។ ឪពុករបស់ វណ្ណនី បាននាំគ្រួសាររត់ភៀសខ្លួនទៅតាខ្មៅ តែនៅមិនបានប៉ុន្មានក៏មានការទម្លាក់គ្រាប់បែកនៅតំបន់នោះទៀត គ្រួសាររបស់គាត់បានភៀសខ្លួនបន្តទៅនៅបឹងកេងកង។
ក្រោយពីភៀសខ្លួនទៅដល់បឹងកេងកង ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញ សមាជិកគ្រួសាររបស់វណ្ណនីទាំងអស់ត្រូវបានជម្លៀសទៅភូមិកោះក្របីវិញ។ បន្ទាប់ពីត្រឡប់ទៅភូមិវិញ យុវជន-យុវនារី និងកុមារ ត្រូវបំបែកចេញពីឪពុកម្ដាយ ឱ្យទៅធ្វើការងារនៅក្នុងកង។ វណ្ណនី ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារនៅកងចល័តនារី។ ការងារដំបូងដែលអង្គការចាត់តាំងឱ្យគាត់ធ្វើគឺ ដាំពោត, ដាំដំឡូង និងស្ទូងស្រូវនៅចំការគរ បន្ទាប់មកឱ្យទៅជីកប្រឡាយនៅអង្គភាពស្រែអំពិល។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់មានកាតព្វកិច្ចធ្វើការងាររៀងៗខ្លួន។ វណ្ណនី មិនសូវបានជួបមុខឪពុកម្ដាយ និងបងប្អូនរបស់គាត់ឡើយ ព្រោះរវល់តែបំពេញការងារ ចំណែកសមាជិកគ្រួសាររបស់គាត់ក៏ដូចគ្នាដែរ។ មានថ្ងៃមួយ គាត់លួចរត់ចេញពីកង ដើម្បីទៅលេងឪពុកម្ដាយ នៅពេលដែលត្រឡប់ទៅវិញ អង្គការបានចាប់វាយ និងគំរាមមិនឱ្យធ្វើបែបនោះបន្តទៀត។
របបអាហារដែល វណ្ណនី ទទួលបានបាយ និងបបរ លាយជាមួយសម្លម្ជូរ។ វណ្ណនី បានបញ្ជាក់ថានៅអំឡុងពេលប្រមូលផល គឺទទួលបានបាយចំនួនមួយវែក ហើយបន្ទាប់ពីនោះគឺមានតែបបររាវប៉ុណ្ណោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ របបអាហារគឺនៅតែដដែលៗ មិនមានការផ្លាស់ប្ដូរឡើយ។ គាត់បានបន្តថា នៅពេលនោះគាត់ឧស្សាហ៍ក្ដៅខ្លួន អង្គការបានផ្ដល់ថ្នាំឱ្យគាត់លេប ជាប្រភេទថ្នាំដែលផលិតក្នុងស្រុក។ នៅក្នុងរបបនោះ អង្គការមិនសូវយកចិត្តទុកដាក់លើអាយុជីវិតរបស់ប្រជាជនឡើយ អ្នកជំងឺមិនសូវទទួលបានការថែទាំពីគ្រូពេទ្យ។ វណ្ណនី បាត់បង់ប្អូនប្រុស-ស្រី ចំនួន២នាក់ ដោយសារតែជំងឺ ប៉ុន្តែមិនច្បាស់ថាជាជំងឺអ្វី៕
សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

