អង្គការបង្ខំឱ្យរៀបការ

(ភ្នំពេញ)៖ ប៉េ ប៉ាក់ អាយុ៧៨ឆ្នាំ មានទីកន្លែងកំណើតនៅឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ប៉ាក់ មានជំងឺសន្លាក់ និងលើសជាតិស្ករ។

 

នៅឆ្នាំ១៩៧០ ចាប់តាំងពីកើតមានរដ្ឋប្រហារ ភាពចលាចលនៅក្នុងទីក្រុងចាប់ផ្ដើមកើតមាន ប្រជាជនបានចាកចេញពីផ្ទះសំបែង បោះបង់ចោលទ្រព្យសម្បត្តិ ព្រោះតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ គ្រួសាររបស់ ប៉ាក់ បានភៀសខ្លួនទៅច្បារអំពៅ ហើយនៅពេលនោះគឺគាត់យកតែរបស់ណាដែលចាំបាច់ប៉ុណ្ណោះទៅតាមខ្លួន ចំណែកសម្ភារដែលមិនសូវសំខាន់គឺទុកចោលនៅក្នុងផ្ទះ។ នៅក្នុងពេលនោះ ប្រជាជនបានជម្លៀសខ្លួនចេញពីផ្ទះយ៉ាងច្រើនកុះករ ទៅផ្ដុំគ្នានៅច្បារអំពៅ។ ពីមួយថ្ងៃទៅមួយថ្ងៃចំនួនប្រជាជនកាន់តែច្រើនឡើង ហើយជំនួយសម្រាប់ជនភៀសខ្លួនតិច គ្រួសាររបស់ ប៉ាក់ បានសម្រេចចិត្តវិលត្រឡប់ទៅផ្ទះរបស់គាត់វិញ។

 

នៅអំឡុងពេលដែល ប៉ាក់ ទៅផ្ទះចលនារបស់ខ្មែរក្រហមចាប់ផ្ដើមមានឥទ្ធិពលនៅទីក្រុងភ្នំពេញ។ ប្រជាជនដែលរស់នៅទីក្រុង និងទីប្រជុំជនត្រូវជម្លៀសទៅជនបទតាមការចាត់តាំងរបស់ខ្មែរក្រហម។ ប៉ាក់ និងគ្រួសារចង់ទៅផ្ទះរបស់គាត់ ប៉ុន្តែខ្មែរក្រហមមិនអនុញ្ញាត ព្រោះត្រូវសម្អាតទីក្រុង។ តាមរយៈការរៀបរាប់របស់ ប៉ាក់ បានប្រាប់មកកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា មូលហេតុដែលខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ គឺដើម្បីឱ្យប្រជាជនទៅធ្វើស្រែចម្ការ នៅតំបន់ដាច់ស្រយាលដែលខ្វះកម្លាំងកសិកម្ម ដូចជាខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។

 

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមស្រាវជ្រាវរកប្រវត្តិរូបរបស់ប្រជាជន។ នរណាដែលមានតួនាទីជាគ្រូបង្រៀន, សាស្រ្តាចារ្យ, មន្រី្តរាជការនៅក្នុងរបស់ លន់ នល់ គឺសុទ្ធតែជាមុខសញ្ញាសម្លាប់របស់ខ្មែរក្រហម។ ខ្មែរក្រហម យល់ថាអ្នកទាំងនោះគឺសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិ មូលធន ដែលធ្លាប់កេងប្រវ័ញ្ចលើប្រជាជនក្រីក្រ។

 

នៅក្នុងឆ្នាំ១៩៧៦ ខ្មែរក្រហម បានចាត់តាំងឱ្យ ប៉ាក់ រៀបការជាមួយនឹងនារីម្នាក់ដែលគាត់មិនស្គាល់ ហើយគាត់មិនបានស្រឡាញ់នារីម្នាក់នោះឡើយ។ ក្រោយរបបខ្មែរក្រហមដួលរលំ ប៉ាក់ និងប្រពន្ធដែលអង្គការរៀបឲ្យបានលែងលះគ្នា ព្រោះអ្នកទាំងពីរមិនបានស្រឡាញ់គ្នា។

 

នៅក្នុងរបបខ្មែរក្រហម មានប្រជាជនច្រើនបានបាត់ខ្លួន និងបាត់បង់ជីវិត។ ប៉ាក់ បានបាត់បង់សាច់ញាតិចំនួនបួននាក់ ក្នុងនោះមាន ម្ដាយ, ប្អូនស្រីម្នាក់ និងប្អូនប្រុសចំនួនពីរនាក់។ ចំណែកឯគ្រួសារ និងសាច់ញាតិប្រពន្ធរបស់ប៉ាក់ គឺមានតែប្រពន្ធរបស់គាត់តែម្នាក់ប៉ុណ្ណោះដែលរស់រានមានជីវិត។

 

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប៉ាក់ បានត្រឡប់ទៅស្រុកកំណើតវិញ។ នៅពេលដែលគាត់ទៅដល់ស្រុកកំណើត ទ្រព្យសម្បត្តិ និងផ្ទះរបស់ត្រូវបានបំផា្លញ។ គាត់នឹកស្ដាយសម្ភារដែលបាត់បង់ ផ្ទះសំបែងធ្លាប់តែឈរត្រដែត ប្ដូរទៅជារាប់ស្មើដី៕

 

សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin