សត្វគោមួយក្បាលដូរបានអង្ករ៣តៅ

(ត្បូងឃ្មុំ)៖ អោក វ៉ា អាយុ ៧២ ឆ្នាំ មាទីកន្លែងនៅភូមិនាងហ៊ីង ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបរាប់ពីជីវិតលំបាកនៅចុងសម័យលន់ នល់។
នៅពេលនោះ វ៉ា ចិញ្ចឹមគោ ៣០ ក្បាល។ ពេលខ្មែរក្រហមចាប់ផ្តើមគ្រប់គ្រងតំបន់ និងមានការទម្លាក់គ្រាប់បែកនៅតំបន់ចំការលើ គាត់បានភៀសខ្លួនទៅភូមិបុសខ្នុរ។ នៅ ភូមិបុសខ្នុរ គាត់ជួបបញ្ហាខ្វះអាហារយ៉ាងខ្លាំង រហូតត្រូវយកអង្ករលាយជាមួយចេកកិនដាំបាយហូប ដែលមានរសជាតិមិនឆ្ងាញ់។ ក្រោយមក ដោយសារមានការទម្លាក់គ្រាប់បែកនៅបុសខ្នុរទៀត គាត់ក៏បន្តភៀសខ្លួនទៅភូមិពោធិ៍ជើងខាល។ នៅទីនោះ ភាពខ្វះខាតកាន់តែខ្លាំង រហូតគាត់ត្រូវយកគោរបស់គាត់ទៅដូរអង្ករ ដោយគោធំមួយក្បាលដូរបានអង្ករតែ ៣ ទៅ ៤ តៅប៉ុណ្ណោះ។
នៅឆ្នាំ ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច ក៏បានចាត់តាំង វ៉ា ឱ្យធ្វើការនៅសាលាឃុំ ព្រោះគាត់អាចអាន និងសរសេរ។ ដោយឃើញគាត់ឧស្សាហ៍ព្យាយាម ខ្មែរក្រហមក៏បានតែងតាំងគាត់ជានីរសារឃុំ។ ក្រោយធ្វើជានីរសារបានមួយរយៈធំ ខ្មែរក្រហមចាប់ផ្តើមប្រមូលយុវជនចូលធ្វើជាទាហាន។ ដោយសារតែខ្លាចថា វ៉ា ត្រូវចូលធ្វើទាហាន ចាស់ៗក្នុងភូមិបានបង្ខំឱ្យគាត់យកប្រពន្ធ ជៀសវាងការបញ្ជូនទៅធ្វើទាហាន។
វ៉ា រៀបរាប់ថា ពេលធ្វើជានីរសារ គាត់មិនហ៊ានដឹងខ្លឹមសារលិខិតទេ ព្រោះខ្លាចត្រូវគេសម្លាប់។ ជាក់ស្ដែង នីរសារម្នាក់ដែលធ្វើការជាមួយគាត់ជាច្រើននាក់ដែលត្រូវសម្លាប់ ព្រោះលួចបើកមើលខ្លឹមសារនៅក្នុងសំបុត្រ។ ការរត់សំបុត្រមិនមែនត្រឹមតែក្នុងភូមិទេ គឺត្រូវយកទៅភូមិផ្សេងទៀតផង ហេតុនេះខ្មែរក្រហមបានឧបត្ថម្ភកង់មួយគ្រឿងជាមធ្យោបាយធ្វើដំណើរ។
វ៉ា បាននិយាយថាការរៀបការនៅក្នុងរបបខ្មែរក្រហម គឺរៀបការតាមឋានៈរបស់ប្រជាជន។ ប្រជាជនដែលមានតួនាទីបម្រើការងារឱ្យខ្មែរក្រហម អាចមានសិទ្ធិជ្រើសរើសមនុស្សដែលខ្លួនស្រឡាញ់ ហើយរៀបការម្ដងមានយ៉ាងច្រើនត្រឹមតែ៥ ទៅ ១០គូ ប៉ុណ្ណោះ។ ចំណែកប្រជាជនធម្មតា គឺមិនមានសិទ្ធិជ្រើសរើសនោះទេ ហើយរៀបការម្ដងមានចំនួនច្រើន ចាប់ពី៦០គូ ទៅ១០០គូ។
នៅរបបនោះ វ៉ា មិនធ្លាប់ឃើញខ្មែរក្រហមសម្លាប់មនុស្សផ្ទាល់ភ្នែកឡើយ ប៉ុន្តែគាត់ឧស្សាហ៍ប្រទះឃើញសាកសព នៅពេលគាត់ចេញទៅធ្វើការ។ នៅពេលមួយ ជារដូវដក-ស្ទូង វ៉ា មានតួនាទីភ្ជួរដីឱ្យកងនារីស្ទូង, ពេលព្រលឹមស្រាងៗគាត់បានចេញទៅភ្ជួរដី ស្រាប់តែគាត់បានប្រទះឃើញសាកសពដែលកប់មិនជិត, ដៃ និងជើងរបស់សពចេញមកខាងក្រៅ បើតាមមើលស្ថានភាពសពគឺប្រហែលជាសម្លាប់នៅពេលទៀបភ្លឺ។ ពេលដែលឃើញបែបនោះ វ៉ា មិនចាប់អារម្មណ៍ជាមួយនឹងហេតុការទាំងអស់នោះឡើយ គាត់ក៏ទៅធ្វើការងារតាមធម្មតារបស់គាត់។
នៅក្នុងរបបខ្មែរក្រហម វ៉ា បានបាត់ដំណឹងសាច់ញាតិចំនួន៣នាក់ គឺបងប្រុសម្នាក់, ម្ដាយចិញ្ចឹមម្នាក់ និងឪពុកមាម្នាក់៕
សម្ភាសន៍ដោយ៖ ឈើន ស្រីល័ក្ខ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

