យុវសិស្សចង់សិក្សាពីប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បន្ថែមលើការសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម

ការកើតឡើងនៃជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនរវាងយោធាកម្ពុជានិងថៃកាលពីខែកក្កដាកន្លងទៅ ក៏ដូចជាព្រឹត្តការណ៍និងការសម្រេចចិត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងជម្លោះនេះ បានជំរុញឱ្យក្រុមយុវជនមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើប្រវត្តិសាស្រ្តសង្គ្រាមនិងជម្លោះរបស់ប្រទេសរបស់ពួកគេ បន្ថែមទៅលើការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្តេជ្ញាគាំទ្រលើចំណាប់អារម្មណ៍ថ្មីនេះ ជាការបំពេញបន្ថែមទៅលើភារកិច្ចដែលមានស្រាប់របស់មជ្ឈមណ្ឌលក្នុងការដឹកនាំការសិក្សាស្រាវជ្រាវលើប្រវត្តិសាស្ត្រខ្មែរក្រហម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា។
កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ សិស្សថ្នាក់ទី ១២ មួយក្រុម ដែលមានសមាជិកចំនួន ១០ នាក់ មកពីវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង បានចូលរួមក្នុងវេទិកាថ្នាក់រៀនមួយដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ក្រោមប្រធានបទ «ប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)»។
ក្នុងវេទិកា យុវជនទាំងនេះបានទទួលចំណេះដឹងជាច្រើនទាក់ទិននឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ក្រោមការបង្ហាត់បង្ហាញរបស់បុគ្គលិករបស់មជ្ឈមណ្ឌល។
នៅក្នុងបទបង្ហាញ លោក ផេង ពង្សរ៉ាស៊ី បានពន្យល់យ៉ាងក្បោះក្បាយនូវប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយខ្មែរក្រហម ដែលបានជម្រៀសប្រជាជនចេញពីទីក្រុងដោយបង្ខំនិងអនុវត្តនូវអំពើប្រល័យពូជសាសន៍ធ្វើឱ្យប្រជាជនជាង ២លាននាក់បាត់បង់ជីវិតរហូតដល់ការកសាងសន្តិភាពឡើងវិញក្រោយការដួលរលំរបប។
ក្រោយពីនោះមកទៀត លោក ផេង ពង្សរ៉ាស៊ី ក៏បាននិយាយសង្កត់ធ្ងន់ទៅលើជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និង ប្រទេសថៃ ដែលបានបង្កើតជាវិបត្តិជាច្រើនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដូចជាជម្លោះប្រដាប់អាវុធដែលនាំឱ្យទាហាននិងប្រជាជនស៊ីវិលបាត់បង់ជីវិត ការជម្លៀសខ្លួនរបស់ប្រជាជនទៅតំបន់សុវត្ថិភាព និងការខូចខាតលើប្រាសាទបុរណខ្មែរជាដើម។
នៅក្នុងបទបង្ហាញនេះផងដែរ សិស្សចូលរួមបានសិក្សាពីដើមហេតុនៃជម្លោះ និងការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហា និងអន្តរាគមន៍ពីប្រទេសជាមិត្តទាំងឡាយរហូតដល់មានការចុះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួនៅប្រទេសម៉ាឡេស៊ី។ ពួកគេក៏ត្រូវបានសួរសំណួរត្រិះរិះទាក់ទិននឹងប្រធានបទដើម្បីជំរុញការគិតវិភាគ ពិចារណារបស់ពួកគេ។
នេះគឺជាលើកទីមួយដែលប្រធានបទ«ជម្លោះព្រំដែនកម្ពុជា-ថៃ» ត្រូវបានយកមកពិភាក្សានៅក្នុងវេទិកាថ្នាក់រៀនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ទោះជាយ៉ាងនេះក្តី គួរឱ្យកត់សម្គាល់ថា សិស្សដែលបានចូលរូមបានបង្ហាញពីចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ជាខ្លាំងលើប្រធានបទនេះ ដូចជាគ្នានឹងការសិក្សាពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យផងដែរ បើទោះបីជាពួកគេបានបង្ហាញពីចំណេះដឹងមានកម្រិតមុនពេលទទួលបានការបណ្តុះបណ្តាលក៏ដោយក្តី។

យុវជន ញ៉ែម វីហ្សា អាយុ១៧ ឆ្នាំ ជាសិស្សដែលបានចូលរួមម្នាក់បានលើកឡើងថា ក្រោយពីបានចូលរួមវេទិកាថ្នាក់រៀននៅមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង គេយល់ថា ទាំងការសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម ក៏ដូចជាប្រវត្តិសាស្រ្តសង្គ្រាមនិងជម្លោះរបស់ប្រទេសកម្ពុជាជាមួយប្រទេសជិតខាង គឺមានសារៈសំខាន់ដូចជាគ្នាសម្រាប់រូបគេជាយុវជនបន្តវេន។ គេនិយាយថា៖ «ខ្ញុំយល់ថា ការសង្កត់ធ្ងន់ទៅលើប្រវត្តិសាស្រ្តទាំងអស់នេះ នឹងជួយយុវជនជំនាន់ក្រោយបានដឹងពីអ្វីដែលខុស អ្វីដែលត្រូវកាលពីមុន ដែលយើងអាចយកមកប្រើប្រាស់ក្នុងជីវិតយើងរាល់ថ្ងៃ ក៏ដូចជានៅពេលដែលយើងក្លាយជាដឹកនាំប្រទេសនៅពេលខាងមុខ» ។
ជាមួយនឹងក្តីស្រមៃចង់ក្លាយជាទាហានជើងគោក យុវជន ញ៉ែម វីហ្សា បានបន្ថែមថា ការសិក្សាពីប្រវត្តិសាស្រ្តយោធានឹងជួយរូបគេបានច្រើននៅពេលដែលក្តីស្រមៃរបស់គេបានក្លាយជាការពិត អាចឱ្យរូបគេការពារប្រទេសជាតិបានល្អនៅថ្ងៃខាងមុខ។
ស្រដៀងគ្នានេះដែរ យុវតី សៅ ពិសី វ័យ១៧ ឆ្នាំដូចគ្នាបានលើកឡើងថា វេទិកាថ្នាក់រៀនធ្វើឱ្យនាងយល់ពីសារៈសំខាន់នៃការរៀនប្រវត្តិសាស្ត្រសម័យទំនើប និងជម្រុញទឹកចិត្តនាងឱ្យតាមដានព័ត៌មានថ្មីៗអំពីជម្លោះព្រំដែន និងបញ្ហាផ្សេងៗទៀតនៅក្នុងតំបន់ និងជុំវិញពិភពលោក។
ពិសីបាននិយាយថា៖ «នៅក្នុងជំនាន់ថ្មី យុវជនយើងជាច្រើនមើលស្រាលមេរៀនប្រវត្តិសាស្ត្រ”។ ចាប់ពីពេលនេះតទៅ ខ្ញុំជឿថាយើងត្រូវផ្តល់សារៈសំខាន់បន្ថែមទៀតលើវិស័យនេះ ដើម្បីក្លាយជាជំនាន់ដ៏ល្អសម្រាប់ប្រទេសកម្ពុជា» ។
នៅចុងបញ្ចប់នៃវេទិកាថ្នាក់រៀន លោក ផេង ពង្សរ៉ាស៊ី បានផ្តែផ្តាំឱ្យសិក្ខាកាម ក្នុងនាមជាអ្នកបន្តវេន ខិតខំប្រឹងប្រែងសិក្សាប្រវត្តិសាស្ត្ររបស់ប្រទេសរបស់ខ្លួន ត្បិតការសិក្សាប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការសិក្សាពីការបរិច្ឆេទនិងទីតាំងនៃព្រឹត្តិការណ៍សំខាន់ៗនោះទេ តែគឺជាត្រិះរិះពិចារណាពីរបៀបដែលព្រឹត្តិការណ៍ទាំងនោះមានឥទ្ធិពលទៅលើបច្ចុប្បន្នកាលនិងអនាគតកាលរបស់ប្រជាជាតិមួយ។
លោកថ្លែងថា៖ «ប្រសិនជាយើងចេះគិតពិចារណាឱ្យបានល្អិតល្អន់ពីប្រវត្តិសាស្ត្ររបស់យើង យើងនឹងដឹងថា អ្នកពីមុនធ្វើអ្វីត្រូវ ធ្វើអ្វីខុស ហើយមេរៀនទាំងនេះនឹងជួយឱ្យយុវជនរបស់យើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំជោគជតាប្រទេសកម្ពុជានៅថ្ងៃខាងមុខ»៕
អត្ថបទដោយ៖ តាំង រីនិត្យ និពន្ធនាយកប្រចាំតំបន់ និងប្រធានផ្នែកព័ត៌មាននៃកាសែតខ្មែរថាមស៍ និងជាទីប្រឹក្សាផ្នែកទំនាក់ទំនងសាធារណៈ

