អតីតគ្រូកុមារ

(កំពង់ចាម)៖ ខ្មែរក្រហម បានចាត់តាំងឱ្យ ស៊ាងហួរ បង្រៀនអក្សរដល់កុមារតូចៗនៅក្នុងកង ដែលមានអាយុចាប់ពី៧ ទៅ១២ឆ្នាំ។ នៅក្នុងមួយសប្ដាហ៍គាត់ចំណាយរយៈពេល៣ថ្ងៃ សម្រាប់បង្រៀនអក្សរ និង៤ថ្ងៃទៀតដឹកនាំកុមារទាំងនោះធ្វើការងារដូចជា ច្រូតស្រូវ, ប្រមូលអាចម៍គោ, កាប់ទន្រ្ទានខេត្ត និងមានការងារផ្សេងៗទៀត។ អ៊ីវ ស៊ាងហួរ អាយុ៦៨ឆ្នាំ កើតនៅឆ្នាំ១៩៥៦ មានទីកន្លែងកំណើត និងរស់នៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស និងបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជន។ នៅភូមិដីដុះ មានប្រជាជនថ្មីមួយចំនួនដែលជម្លៀសមកពីតំបន់ផ្សេង ហើយអង្គការបានចាត់ឱ្យប្រជាជនថ្មីទាំងអស់នោះស្នាក់នៅ និងធ្វើការងារជាមួយប្រជាជនមូលដ្ឋាន។ ដំបូងឡើយ ស៊ាងហួរ ធ្វើការងារកសិកម្មដូចជាប្រជាជនដទៃ ប៉ុន្តែក្រោយមកខ្មែរក្រហមបានចាត់តាំងឱ្យគាត់ធ្វើជាគ្រូបង្រៀនកុមារនៅក្នុងកង។
ស៊ាងហួរ បង្រៀនកុមារបានរយៈពេលប្រមាណជា២ឆ្នាំ ខ្មែរក្រហមបានផ្លាសប្ដូរឱ្យគាត់ទៅធ្វើការងារនៅកងចល័តវិញ ហើយការងារមានដូចជា កាប់ព្រៃ, កាប់ដី, រែកដី, ជីកប្រឡាយ, លើកទំនប់, ស្ទូងស្រូវ និងមានការងារជាច្រើនទៀត។ ការងារដែលគាត់ទទួលបន្ទុកធ្វើទាំងប៉ុន្មាននោះ គឺស្រេចទៅលើកការចាត់តាំងរបស់ខ្មែរក្រហម និងគ្មានការប្រកែកតវ៉ាឡើយ។ នៅក្នុងរបបខ្មែរក្រហម ថ្វីត្បិតតែ ស៊ាងហួរ ត្រូវធ្វើការងារធ្ងន់ៗយ៉ាងណាក្ដី គាត់មិនដែលហ៊ានត្អូញត្អែរអំពីភាពនឿយហត់ និងការលំបាករបស់គាត់ឱ្យអ្នកដទៃដឹងឮឡើយ ព្រោះតែនៅពេលនោះមានអ្នកដែលចាំយកការណ៍ឱ្យខ្មែរក្រហម។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវចាកចេញពីផ្ទះទៅរស់នៅក្នុងសហករណ៍។ នៅទីនោះគ្មានទីជម្រកដែលអាចឱ្យប្រជាជនរស់នៅមានផាសុកភាពឡើយ។ រស់នៅជាសមូហភាពផ្ទះតូចចង្អៀត គ្មានសម្ភារប្រើប្រាស់គ្រប់គ្រាន់ សូម្បីតែមុង-ផួយ។ បញ្ហាទាំងអស់នោះបណ្ដាលឱ្យប្រជាជនជាច្រើនបានធ្លាក់ខ្លួនឈឺ និងបាត់បង់ជីវិត។ ម្យ៉ាងវិញទៀត នៅក្នុងរបបនោះគ្រូពេទ្យគ្មានជំនាញវិជ្ជាជីវៈ, គ្មានការព្យាបាលត្រឹមត្រូវតាមក្បួនច្បាប់, គ្មានការពិគ្រោះជំងឺ, ការផ្ដល់ថ្នាំគ្មានរោគវិនិច្ឆ័យជំងឺឱ្យបានត្រឹមត្រូវ និងគ្មានការយកចិត្តទុកដាក់ការព្យាបាល។
ស៊ាងហួរ បានប្រាប់ថានៅក្នុងតំបន់របស់គាត់ របបអាហារគឺហូបបបរតាំងពីដំបូងមកម្ល៉េះ និងមិនដែលស្គាល់រសជាតិនៃការហូបបាយឡើយ។ នៅអំឡុងពេលនោះ បបរដែលគាត់ហូបគឺមានលាយជាមួយផ្លែពោត, ផ្លែចេក និងដំឡូង។ គាត់បានបន្ថែមថា នៅក្នុងរបបនោះ គាត់មិនដែលហូបអាហារបានឆ្អែតក្រពះឡើយ មួយថ្ងៃហូបបបរចំនួន២ពេល ម៉ោង១១ថ្ងៃត្រង់ម្ដង និងម៉ោង៥ល្ងាចម្ដងទៀត។ ខ្មែរក្រហម បានលុបបំបាត់ការគោរពបូជា ទៅលើសាសនាទាំងអស់ដែលមាននៅក្នុងប្រទេសកម្ពុជា និងបានចាត់តាំងឱ្យប្រជាជនវាយបំផ្លាញព្រះវិហារសាសនា រូបសំណាក់ព្រះពុទ្ធប្បដិមា។ ទីធ្លារបស់វត្ត ត្រូវរៀបចំទៅជាកន្លែងប្រជុំ, កន្លែងផ្ទុកសម្ភារ ឬជាកន្លែងចិញ្ចឹមសត្វជ្រូក។ បន្ទាប់ពីសាសនាត្រូវលុបបំបាត់ ប្រជាជនមានភាពរសាយក្នុងការគោរពប្រណិប័តន៍សាសនាបន្តទៀត។
នៅឆ្នាំ១៩៧៩ ប្រជាជនរស់នៅកងចល័តជាមួយ ស៊ាងហួរ ត្រូវបានជម្លៀសទៅរស់នៅភូមិថ្មី។ មិនបានប៉ុន្មានកងទ័ពវៀតណាមបានវាយចូលប្រទេសកម្ពុជា សំឡេងកាំភ្លើងកាន់តែចូលមកជិតកន្លែងដែល ស៊ាងហួរ រស់នៅ គាត់កាន់តែមានភាពភ័យខ្លាច។ ស៊ាងហួរ និងសមាជិកចំនួន៧នាក់ បានប្រជុំគ្នាដើម្បីស្នើសុំប្រធានក្រុមត្រឡប់ទៅផ្ទះជួបជុំគ្រួសារ។ ស្ថានភាពនៃការវាយចូលកាន់តែខ្លាំង ប្រធានក្រុមរបស់គាត់បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស៊ាងហួរ ត្រឡប់ទៅផ្ទះហើយប្រកបរបរកសិកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ក្រោយមកមានសេចក្ដីប្រកាសជ្រើសរើសគ្រូបង្រៀន ស៊ាងហួរ បានដាក់ពាក្យ និងជាប់ជាគ្រូបង្រៀនថ្នាក់ទី១ និងថ្នាក់ទី២ រហូតដល់ពេលឆ្នាំ១៩៩៣ ទើបគាត់ឈប់បង្រៀន៕
សម្ភាសន៍ដោយ៖ តែ ដាលីស ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

