អាហារ៣ពេលក្នុងមួយថ្ងៃ

(កំពង់ចាម)៖ ឈាង វ៉ា អាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តតាកែវ។ វ៉ា មានបងប្អូនចំនួន៥នាក់ (ស្រីចំនួន២នាក់) បច្ចុប្បន្នគាត់មានជំងឺក្រពះ-ពោះវៀន។

វ៉ា បាននិយាយថា ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់គាត់ ភាគច្រើននិយមប្រកបរបរកសិកម្ម ដាំដំណាំ និងបន្លែ-ផ្លែឈើ។ នៅពេលមានការទម្លាក់គ្រាប់បែក បណ្ដាលឱ្យខូចខាតដំណាំរបស់ប្រជាជនជាច្រើនគ្រួសារដែលមានចម្ការនៅជាប់នឹងមាត់ទន្លេ ចំណែកផ្ទះរបស់ប្រជាជនគឺមិនមានខូចខាតឡើយ។ ថ្វីត្បិតតែមិនមានផលប៉ះពាល់ដល់ផ្ទះរបស់ប្រជាជននៅក្នុងភូមិ ប៉ុន្តែ វ៉ា និងប្រជាជនដទៃនៅតែមានភាពភ័យខ្លាច។

 

ឈានចូលដល់របបខ្មែរក្រហម វ៉ា ជាប្រជាជនមូលដ្ឋាន។ វ៉ា និងប្រពន្ធមិនបានរស់នៅជុំគ្នានោះទេ ខ្មែរក្រហមបានចាត់តាំងឱ្យគាត់ធ្វើការងារនៅក្នុងកងនេសាទ ចំណែកប្រពន្ធរបស់គាត់ទៅធ្វើការងារនៅក្នុងកងចល័ត។ វ៉ា ទៅធ្វើការងារនៅកងនេសាទរយៈពេល២ខែ ទៅ៣ខែ ទើបអាចមកលេងប្រពន្ធម្ដង។  នៅក្នុងក្រុមរបស់គាត់មានសមាជិកចំនួន៨នាក់ ដែលមានប្រធានក្រុមឈ្មោះ កង កេង។ នៅពេលទទួលបានផលត្រីច្រើនគួរសម គាត់ត្រូវយកត្រីទាំងនោះមកចែកចាយតាមរោងបាយនៅក្នុងសហករណ៍ ហើយនៅក្នុងសហករណ៍នោះមានរោងបាយចំនួន៣។

 

វ៉ា បានបញ្ជាក់ថា របបអាហារដែលកងនេសាទទទួលបានគឺពិសេសជាងកងចល័តផ្សេងៗ។ គាត់ទទួលបានរបបអាហារចំនួន៣ពេលក្នុងមួយថ្ងៃ ពេលព្រឹកហូបបបរ ចំណែកពេលថ្ងៃ និងពេលល្ងាចហូបបាយ។ គាត់បានបន្តថា ចាប់តាំងពីគាត់ចូលធ្វើការងារនៅក្នុងកងនេសាទ គាត់មិនដែលអត់អាហារហូបនោះទេ, ខ្មែរក្រហម មិនដែលបណ្ដោយឱ្យកងនេសាទដាច់អាហារឡើយ ព្រោះកងនេះគឺសំខាន់ក្នុងការស្វែងរកអាហារផ្គត់ផ្គង់ដល់រោងបាយ។

 

វ៉ា បាននិយាយថា ខ្មែរក្រហមមិនបន្សល់ប្រជាជនដែលមានចំណេះដឹង ឬជាមន្ត្រីរាជការនៅក្នុងរបបចាស់ឡើយ។ ខ្មែរក្រហមបានស្រាវជ្រាវរកអ្នកទាំងអស់នោះដើម្បីសម្លាប់ ឬអាចគ្រាន់តែចាត់តាំងឱ្យធ្វើការងារធ្ងន់ៗ, ធ្វើទារុណកម្ម។ ខ្មែរក្រហម គិតថាប្រជាជនក្រុមនោះគឺជាអ្នកមូលធនដែលកេងប្រវ័ញ្ច និងធ្វើបាបប្រជាជនក្រីក្រ។ ប្រជាជនមានតួនាទីក្នុងរបបចាស់ ឬអ្នកមានចំណេះដឹងដែលអាចនៅមានជីវិតបាន គឺត្រូវរស់នៅលាក់ប្រវត្តិរូប ដោយដើរតួជាប្រជាជនធម្មតា ឬអ្នកធ្វើស្រែចម្ការ។

 

វ៉ា បាននិយាយប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅពេលដែលរបបខ្មែរក្រហមដួលរលំភ្លាមៗ នៅក្នុងភូមិរបស់គាត់មានសកម្មភាពប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាជន។ នៅពេលនោះ ប្រជាជននៅក្នុងភូមិមិនមាននរណាម្នាក់ហ៊ានចេញតតាំងជាមួយនឹងចោរឡើយ ព្រោះតែប្រជាជនបាក់ស្បាតតាំងពីរបបខ្មែរក្រហម។

 

របបខ្មែរក្រហមបញ្ចប់ ប្រជាជនដែលខ្មែរក្រហមបានជម្លៀសមកពីតំបន់ផ្សេង បានត្រឡប់ទៅស្រុកកំណើតស្វែងរកគ្រួសារ សាច់ញាតិ និងប្រជាជនមួយចំនួនទៀតមានប្ដី-ប្រពន្ធហើយបន្តរស់នៅតំបន់នោះ៕

សម្ភាសន៍ដោយ៖ តែ ដាលិស ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin