ម្ដាយខ្ញុំកុហកអង្គការ

(កំពង់ចាម)៖ រឿងរ៉ាវដែល គីមសៀក ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហមនោះគឺ ម្ដាយរបស់គាត់បានសុំចុងអង្ករពីអង្គការ ដោយបានកុហកថាយកចុងអង្ករនោះទៅដាំបាយឱ្យសត្វឆ្មា ប៉ុន្តែជាក់ស្ដែងគាត់យកអង្ករនោះរក្សាទុកសម្រាប់ដាំបាយឱ្យ គីមសៀក និងបងប្អូន ហូបនៅពេលដែលកូនៗទាំងអស់ទៅជួបគាត់។ ប្រេង គីមសៀក អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្ននៅភូមិដីដុះ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គីមសៀក មានបងប្អូនសរុបចំនួន៧នាក់ (ស្រីចំនួន៦នាក់)។
នៅពេលដែលតំបន់របស់ គីមសៀក មានការទម្លាក់គ្រាប់បែក គាត់បានរត់ភៀសខ្លួនចេញពីភូមិ ឆ្ពោះទៅស្រុកកងមាស។ នៅតាមផ្លូវទៅស្រុកកងមាស គ្រួសាររបស់ គីមសៀក បានជួបជាមួយនឹងកងទ័ពយៀកកុង គ្រួសាររបស់គាត់ត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងទាហានព្រោះនៅពេលដែលគ្រួសាររបស់គាត់ភៀសខ្លួនទៅគឺមានតែស្រីៗ។ សមាជិកគ្រួសារទាំងអស់ត្រូវបានឃាត់ខ្លួន, មេភូមិបាននិយាយប្រាប់ថា ប្រសិនជារួចខ្លួនបន្តដំណើរទៅមុខទៀត ត្រូវមានអ្នកធានាទើបអាចរួចខ្លួនបាន។ ក្រោយពីមានការធានាពីសាច់ញាតិខាងម្ដាយ គ្រួសាររបស់គាត់បានបន្តដំណើរទៅមុខទៀត។
នៅក្នុងរបបខ្មែរក្រហម គីមសៀក រស់នៅក្នុងកងចល័តជាមួយនឹងកុមារផ្សេងៗទៀត។ គាត់ចេញទៅរស់នៅក្នុងកង បែកពីម្ដាយ និងបងប្អូន មិនសូវបានជួបមុខសមាជិកគ្រួសារឡើយ។ ក្នុងរយៈពេលមួយខែម្ដងទើបប្រធានកងអនុញ្ញាតឱ្យគាត់ទៅលេងម្ដាយ និងបងប្អូន។ សហករណ៍កងចល័តដែល គីមសៀក រស់នៅមិនមានផ្ទះរស់នៅបានត្រឹមត្រូវនោះទេ។ ខ្មែរក្រហម បានសង់រោងតូចៗឱ្យប្រជាជនរស់នៅ រោងនោះគឺមិនអាចទប់នឹងភ្លៀង និងកម្លាំងខ្យល់ឡើយ, ពេលមានភ្លៀងម្ដងៗ ប្រជាជនត្រូវនៅហាលភ្លៀង។
គីមសៀក បាននិយាយថា នៅពេលគាត់ធ្វើការងារនៅក្នុងកងចល័ត គឺអង្គការបានដាក់បន្ទុកឱ្យគាត់ធ្វើការងារធ្ងន់ៗ ដូចជាជីកប្រឡាយ, លើកទំនប់ និងរែកដី។ នៅក្នុងមួយថ្ងៃ គីមសៀក ត្រូវជីកដីចំនួនមួយម៉ែត្រគុប (មួយម៉ែត្រ៤ជ្រុង)។ គីមសៀក ត្រូវតែធ្វើការងារឱ្យគ្រប់តាមផែនការកំណត់របស់អង្គការ ប្រសិនជាមិនគ្រប់នោះទេ គាត់នឹងមិនទទួលបានអាហារបរិភោគឡើយ។ នៅពេលនោះទោះបីជា គីមសៀក ចង់ធ្វើការងារឬមិនចង់គឺត្រូវតែបង្ខំចិត្តធ្វើការងារនោះឱ្យរួចរាល់តាមផែនការ។ គីមសៀក បានបន្ថែមថានៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់មានតួនាទីធ្វើការងារជារៀងរាល់ថ្ងៃ។ ក្រោយពីលើកទំនប់រួចរាល់ ខ្មែរក្រហមបានចាត់តាំងឱ្យ គីមសៀក ទៅធ្វើការងារនៅកងដក-ស្ទូង បន្តទៀត។ បន្ទាប់ពីផុតរដូវ ដក-ស្ទូង គាត់ទទួលបន្ទុកដកស្មៅ និងចាប់សត្វក្ដាមចេញពីសន្ទូង។
នៅក្នុងរបបខ្មែរក្រហម មានការខ្វះខាតអាហារហូបចុកខ្លាំង ក្នុងមួយថ្ងៃប្រជាជនទទួលបានអាហារត្រឹមតែ២ពេលប៉ុណ្ណោះ។ ដោយសារបញ្ហាកង្វះអាហារ ប្រជាជនមួយចំនួនបានសម្រេចចិត្តលួចដកដំឡូង, កាច់ផ្លែពោត និងផ្លែឈើជាច្រើនទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការខ្មែរក្រហម។ ប្រជាជនមួយចំនួនមិនមានឈ្លបមើលឃើញគាត់បានហូបឆ្អែត ចំណែកប្រជាជនមួយចំនួនទៀតត្រូវឈ្លបចាប់បាននៅពេលដែលគាត់លួចបន្លែ និងផ្លែឈើ ត្រូវចាប់ខ្លួនយកទៅកសាង ធ្វើទារុណកម្ម និងមួយចំនួនទៀតចាប់យកទៅសម្លាប់។ នៅអំឡុងឆ្នាំ១៩៧៨ គីមសៀក បានប្រទះឃើញមានសាកសពទាហាន និងប្រជាជនធម្មតាជាច្រើន។ សាកសពមានទាំងកប់នៅក្នុងដី និងនៅក្នុងអណ្ដូងទឹក។
នៅចុងឆ្នាំ១៩៧៨ មានការផុសផុលនៅក្នុងសហករណ៍របស់ គីមសៀក រឿងកងទ័ពវៀតណាមវាយចូល ប្រជាជនបាននាំគ្នារត់ភៀសខ្លួនត្រឡប់ទៅរកគ្រួសារ និងសាច់ញាតិបងប្អូន នៅស្រុកកំណើតរៀងៗខ្លួន។ គីមសៀក បានរត់ចេញពីកងចល័តទៅរកម្ដាយ និងបងប្អូន ហើយបានត្រឡប់ទៅរស់នៅភូមិកំណើតរបស់គាត់វិញ៕
សម្ភាសន៍ដោយ៖ តែ ដាលិស ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

